រឿងចំឡែកក្នុងអំឡុងឆ្នាំ ២០០០នៅប៉ោយប៉ែត
អ្នកទាំងអស់គ្នាប្រហែលជាមិនជឿរទេថា ខ្មោចលងមិនស្មើរនិងមនុស្សលងនោះទេ ។ វាគឺជាការពិត ខ្មោចលងមិនអាចធ្វើអោយមនុស្សទាំងស្រុកខ្លាចនោះទេ តែពាក្យចចារាមនិងមនុស្ស ដែលព្យាយាម ធ្វើជាខ្មោចលងមនុស្សទើបធ្វើអោយមនុស្សខ្លាចរហូតដល់មិនហ៊ានធ្វើទាំងអស់ខ្លាចសង្ងំតែនៅក្នុងផ្ទះដែរ។
នៅក្នុងឆ្នាំនោះដែរខ្ញុំមានអាយុទើបតែ៩ឆ្នាំប៉ុន្នោះ ដែលពេលនោះផ្ទះរបស់ខ្ញុំនៅផ្សារអាគាះ នៅក្រុងប៉ោយប៉ែតសព្វថ្ងៃ ។ កាលនោះមានការល្បីល្បាញ ថាមានខ្មោចពាក់អាវស វាធ្វើការលងសំលាប់មនុស្ស ណាដែលដើរពេលយប់ និង ក៏យកព្រលឹងមនុស្សដែលនៅក្នងផ្ទះថែមទៀតផង។ ហើយនៅពេលនោះដែរ ផ្ទះអ្នកភូមិមិនទាន់មានផ្ទះថ្មដូចសព្វថ្ងៃនោះទេ មានតែផ្ទះស្លឹកនិងសង្ហ័សីប៉ុន្នោះ ម៉្យាងទៀតក៏មិននៅជិតគ្នាទៀតគឺដាច់ពីគ្នាផង។
គេនាំគ្នានិយាយថាផ្ទះអ្នកភូមិមួយចំនួននៅពេលព្រឹកឡើងតែងតែមានធីម៉ោងមួយនិងឈាមប្រឡាក់ពេញមុខផ្ទះរបស់ពួកគេ។ ហើយប្រសិនជាភូមិណាមានធីម៉ោងឬឈាមប្រឡាក់ពេញមុខផ្ទះប្រាកដជាយប់នឹងខ្មោចនឹងមកលងភូមិនោះជាមិនខាន។
វាគឺជាការពិតបន្ទាប់ពីមានឃើញធីមោងក្មុងភូមិ យប់ឡើងអ្នកភូមិតែងតែលឺសំលេងគេហៅថា បើកទ្វាអោយផង ខ្ញុំសុំចូលផង។ ឬនិយាយដោយសំដីធ្ងន់ថា បើកធ្វើអោយយើងផង។ ទោះជាមានសកម្មភាពផ្លែកៗបែបនេះ តែមិនដែលមានប្រវត្តិមនុស្សស្លាប់នោះទេ មានតែអ្នកដែលត្រូវបាត់របស់ ឬគោរ ឬត្រូវបានគេប្លន់នៅពេលយប់ទៅវិញដោយមិនមានអ្នកណាចេញមកជួយនោះទេព្រោះខ្លាចខ្មោច។
ក្នុងពេលនោះដែលប្រជាជនរបស់យើងមានភាពលំបាកក្នុងការរកស៊ីខ្លាំងណាស់ ជាពិសេសអ្នកដែលបើករបររកស៊ីលក់ស្រាឬកន្លែផឹកស្រាជាដើម រឹតតែពិសេសជាងគេគឺអ្នករត់ម៉ូតូឌុបនេះម៉ង អោយតែម៉ោង៦យប់គឺដឹងតែឈប់រត់ហើយនាំគ្នាចូលផ្ទះអស់ហើយ។
ដោយសារមានពត័មានថាវាប្រហែលជាមិនមែនខ្មោចទេតែជាមនុស្សដែលធ្វើការបន្លាចដើម្បីកុំអោយមនុស្សចេញមកក្រៅផ្ទះ ងាយស្រួលវាចូលប្លន់និងលួចឥវ៉ានជាដើម។ ក្នុងឆ្នាំដដែលនោះដែរវាគឺកំពុងតែល្បីពីរឿងខ្មោចហៅតាមផ្ទះ ដាក់ឈាមនិងធីងម៉ោងមុខផ្ទះ ។
ប្រហែលម៉ោង៤ល្ងាចប៉ូលិសបានដើរប្រាប់ប្រជាពរដ្ជនៅភូមិរបស់ខ្ញុំថា ចូលផ្ទះកុំដើរពេលយប់ព្រលប់ ហើយធ្វើការចាក់សោរផ្ទះអោយបានត្រឹមត្រូវ និងមានរបស់របរសំរាប់ការពារខ្លួនផង ដោយសារពេលនោះគ្មានទូរស័ព្ទសំរាប់ប្តឹងប៉ូលិសនោះទេ ហើយពេលនោះប៉ូលិសក៏មិនមានច្រើនដែលអាចដើរល្បាតពេញភូមិនោះទៀត ។
ដែលជាហេតុត្រូវប្រជាជនខ្លួនឯងសហការជាមួយប៉ូលិសនិងអ្នកភូមិដើម្បីការការពារគ្នាទៅវិញទៅមក។
យប់នោះឯងខ្ញុំចាំមិនភ្លេចនោះទេ ផ្ទះរបស់ខ្ញុំមានមីង២នាក់យាយម្នាក់ហើយខ្ញុំក៏ជាក្មេងស្រីម្នាក់ទៀត មិនមានប្រុសនៅក្នុងផ្ទះនោះទេព្រោះពេលនោះយាយខ្ញុំជាស្រីមេម៉ាយ។ ម៉ោងប្រហែលជា១២យប់ យាយរបស់ខ្ញុំបានងើប ហើយបានដាស់កូនគាត់២នាក់ស្រីៗអោយងើបដែរ អោយទៅយកកាំបិទដែល ទុកក្បែរគ្រេនោះមកកាន់រៀងៗខ្លួន។ ដោយសារតែមានមនុស្សពីរនាក់ជាមនុស្សប្រុសពាក់អាវ សរ ខ្លួនប្រឡាក់ដោយពណ៍ខ្មៅ មើលទៅប្រហែលជាឈាមដោយយប់ពេកមើលមិនឃើញក្រហមនោះទេ ។
វាបានស្រែកថា បើកទ្វាអោយខ្ញុំតិច យាយរបស់ខ្ញុំមិនឆ្លើយនោះទេ តែយាយរបស់ខ្ញុំបានយកឆ្នាំងមកវាយដោយសំលេងខ្លាំងៗ ហើយពេលនោះម៊ីងខ្ញុំនៅចាំមាត់ទ្វាបើវាបុកចូលមកត្រូវតែកាប់។
ពេលនោះយើងបានធ្វើការស្រែកថាចោរៗ យ៉ាងខ្លាំងដើម្បីអោយអ្នកភូមិដឹងហើយត្រៀមខ្លួនទាំងអស់គ្នា ពេលនោះវាបែរស្រែកថា អញនឹងយកព្រលឹងពួកហ៊ោងឯង។ ពេលនោះយើងរិតតែច្បាស់ទៀតថាវាពិតជាមនុស្សមែន ក៏ចាប់ផ្តើមស្រែកទៀតតែ ចោរពាក់អាវធ្វើខ្មោចមកប្លន់ ស្រែកខ្លាំង និងវាយឆ្នាំង ពេលនោះដែលអ្នកភូមិក៏ស្រុះគ្នាវាយឆ្នាំងតគ្នាពេញភូមិ វាក៏យកកាំភ្លើងបាញ់ឡើងលើ ។
ហើយដោយសារមានអ្នកភូមិស្រោះគ្នាពេកចោរនោះឃើញសភាពមិនស្រួលក៏រត់បាត់ទៅ។ តាំងពីពេលនោះមកមិនដែលមានខ្មោចមកសុំចូលផ្ទះ និងធីងម៉ោងប្រឡាក់ឈាមនោះនៅក្នុងភូមរបស់ខ្ញុំទៀតទេ ហើយរបស់របរក៏មិនដែលបាត់ទៀតដែរ។
ពួកយើងនៅតែប្រយ័ត្នខ្លាចវាមកសងសឹក មិនដែលហ៊ានដេកនោះទេ ក្រោយមកទើបប៉ូលិសចាប់បានមុខសញ្ញា ហើយចាប់បានជនសង្ស័យ៦នាក់ ទើបដឹកថាពួកវាជាមនុស្សទេ ។ ដោយអាពីរអ្នកវាដើរស្រែកអោយគេបើកទ្វានិងដាក់ធីងម៉ោងបន្លាចគេ និង៤នាក់ទៀតទៅលួចក្នុងភូមិ។ ចឹងបានចំឡែក អោយតែភូមិណាលឺសំលេងឬឃើញធីមោងប្រឡាក់ឈាម បើមិនយប់នឹងឬយប់ស្អែក ដឹងតែបាត់របស់ហើយ។
វាគឺជារឿងពិតរបស់ប្រិយមិត្តរបស់យើងសូមអរគុណ។

0 comments:
Post a Comment